







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ព្រះពុទ្ធសាសនា គឺជាគ្រឹះនៃការប្រតិបត្តិ សំរាប់ការរស់នៅទាំងអស់គ្នា * buddhaសត្វលោកដែលត្រូវអវិជ្ជាបិទបាំង មានសេចក្ដីត្រេកត្រអាល (នន្ទិរាគៈ) ជាគ្រឿងចងទុក មានការរិះគិត (វិតក្កស្ស វិចារណា) ជាគ្រឿងបញ្ជាទៅ រមែងក្ដៅផ្សាដោយភ្លើងទុក្ខនិងភ្លើងកិលេស ហើយអន្ទោលទៅក្នុងសង្សាវដ្ដ គ្មានទីបញ្ចប់ ។ ធម្មជាតិទាំងឡាយណា មានកិរិយាកើតឡើងជាធម្មតា ធម្មជាតិទាំងនោះ ក៏រីកលូតលាស់ទៅរកសេចក្ដីវិនាសអន្តរធានសាបសូន្យទៅជាធម្មតា, មិនបានទៀងនៅជាអមតៈទេ, សូម្បីតែដំណើរនៃលោកដែលមានការកើតជាខាងដើម និងការវិនាសទៅជាខាងចុង ក៏មានការវិលទៅមុខជានិច្ច ឥតឈប់ឈរ ដូចជាកង់ចក្រ ហើយក៏គ្មានអ្នកណាជាអ្នកបង្កើតក្រៅតែពីហេតុបច្ច័យ ប៉ុណ្ណោះ ល្គឹកណាបើគ្មានហេតុបច្ច័យទេ ក៏មិនអាចកើតឡើងបានដែរ ។ ក្នុងដំណើរនៃលោកដែលវិវត្តមកដល់សម័យកាលវិទ្យាសាស្ត្រកាន់តរីកចំរើនឥតឈប់ឈរនេះ, អាវុធប្រល័យជីវិតក៏កាន់តែទំនើប និងមានប្រសិទ្ធភាពខ្ពស់ ចំណែកគ្រោះថ្នាក់នៃបាតុភូតដ៏អាក្រក់នៃធម្មជាតិ ក៏កាន់តែកើតមានឡើងប្លែក ៗ ហើយជម្លោះនៃសង្គ្រាមសដ្ឋកិច្ច សង្គ្រាមឈ្លានពាន សង្គ្រាមសាសនា សង្គ្រាមស៊ីវិល សង្គ្រាមដណ្ដើមអំណាចនៃលទ្ធិនយោបាយ ការវាយប្រហារដោយសង្គ្រាមពាក្យសំដី អំពើហិង្សាជាដើម ជាទូទៅ ក៏បន្តកើតមាននៅឡើយ ទោះបីជាមានច្បាប់ និងទណ្ឌកម្មក៏ដោយ ទាំងនេះក៏ព្រោះតែមានហេតុរបស់វាដែរ គឺការថយចុះនៃគុណធម៌ សីលធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ជាដើមនោះឯង និងការរីកដុះដាលឡើងនៃអកុសលធម៌ អមនុស្សធម៌ មហិច្ឆតាលោភលន់ ការចងគំនុំគុំគួន មិច្ឆាទិដ្ឋិ ការប្រកាន់មានះរើសអើង ការមិនចេះអនុគ្រោះ ការបំផ្លាញបរិដ្ឋាន សេចក្ដីកំណាញ់ សេចក្ដីនិន្ទាឈ្នានីស ជាដើមនោះឯង ។ ចំណែកឯព្រះពុទ្ធ បានណែនាំអោយលះបង់នូវលោភៈ ទោសៈ មោហៈ ដែលជាហេតុនៃរឿងរ៉ាវដ៏អាស្រូវទាំងនោះ ចេះរស់នៅដោយសុខស្ងប់ផ្លូវកាយ និងសន្តិភាពផ្លូវចិត្តក្នុងអហិង្សាធម៌ ដោយមិនបៀតបៀនខ្លួនង ជាងមិនបៀតបៀនអ្នកដទៃផង ពោលគឺ អោយចេះអនុគ្រោះគ្នាក្នុងការរស់នៅប្រកបដោយធម៌ ៤ យ៉ាងគឺ : ការមានចិត្តទូលាយ ចេះចែកចាយធ្វើទាន ១, ពោលពាក្យគួរជាទីស្រឡាញ់ ១, ប្រព្រឹត្តជាប្រយោជន៍ដល់គ្នាទៅវិញទៅមក ១, តម្កល់ខ្លួនស្មើក្នុងព្រះធម៌ ១ ; ទាំងបានមនពុទ្ធដីកាថា «ការស្រុះស្រួលសាមគ្គីគ្នា រមែងបានសេចក្ដីសុខ» «សេចក្ដីសន្តោសព្រមត្រេកអររបស់តាមមានតាមបាន ជាទ្រព្យដ៏ប្រសើរ របស់បុគ្គល» តែមិនមែនមានន័យថាអោយខ្ចីទេ គឺថា ការស្វែងរកប្រយោជន៍បច្ចុប្បន្ន ត្រូវប្រកបដោយអង្គ ៤ : មានការប្រឹងប្រែងព្យាយាម ១, ការចេះរក្សាទុកដាក់ ១, ការចិញ្ចឹមជីវិតអោយស្មើតាមព្រះធម៌ ១, ការសេពគប់មនុស្សបានត្រឹមត្រូវ ១ ។ ម្យ៉ាងទៀត ក៏បានអោយចៀសវាងនូវហេតុ នូវសេចក្ដីវិនាស ចង្រៃឧត្បាត ដែលមាន ១២ ជំពូក ក្នុងបរាភវសូត្រ ដូចជាការពេញចិត្តនឹងធម៌របស់អសប្បុរស, ការប្រាកដតែខាងខឹងក្រេវក្រោធ ការមានទ្រព្យសម្បត្តិច្រើន ហើយមិនចិញ្ចឹមមាតាបិតា ជាដើម និងអោយស្វែងរកនូវសុភមង្គលសិរីសួស្ដី ដែលមាន ៣៨ ប្រការក្នុងមង្គលសូត្រ ដូចជាការមិនសេពគប់បុគ្គលពាល ការនៅក្នុងស្រុកទេសដ៏សមគួរ ភាពជាអ្នកចេះដឹងច្រើន ការតម្កល់ខ្លួនអោយល្អ ការប្រព្រឹត្តបន្ទាបខ្លួន ការធ្វើការងារអោយពិតប្រាកដ មិនច្របូកច្របល់ ការចេះព្រមត្រេកអររបស់តាមមានតាមបាន ការបរិច្ចាគទានចែកចាយ សេចក្ដីអត់ធ្មត់ ការអោយចេះអនុគ្រោះគ្នាតាមសង្កហធម៌ក្នុងសង្គមគ្រួសារ ការពោលវាចាអោយបានត្រឹមត្រូវជាដើម ។ ទាំងនេះគ្រាន់តែជាចំណែកដ៏តូចមួយនៃព្រះធម៌ ដែលមាន ៨៤.០០០ ធម្មក្ខន្ធ ប៉ុណ្ណោះ តែទោះយ៉ាងដូច្នោះក៏ដោយ បើបំព្រួញអោយខ្លី នៅត្រង់ឱវាទ ៣ ម៉ាត់គឺ : ការមិនអោយធ្វើអំពើអាក្រក់គ្រប់យ៉ាង, ការធ្វើតែអំពើល្អ, ការសំអាតចិត្តអោយបរិសុទ្ធចាកមន្ទិល មានលោភៈ ទោសៈ មោហៈ ជាដើម ។ វាចាំបាច់ដែរ សម្រាប់យើងរាល់គ្នា ក្នុងការដុះខាត់កិលេស មានលោភៈ ទោសៈ មោហៈ ជាដើម ព្រោះថា កាលបើកិលេសនេះក្លៀវក្លាឡើងហើយ ធ្វើអោយមនុស្សចេះភូតកុហក បោកប្រាស ការកាប់សម្លាប់ អំពើហិង្សា និងអំពើដ៏លាមកដទៃទៀត ។ លោភៈ បើគ្របសង្កត់បុគ្គលណាហើយ ធ្វើអោយមនុស្សនោះវង្វេងមិនឃើញធម៌អនិច្ចំ គ្មានសេចក្ដីខ្មាស គ្មានធម៌សន្តោស (ត្រេកអរតាមមានតាមបាន) ក្រាស់ដោយមហិច្ចតា ទោះបីជាមានទ្រព្យ អំណាចច្រើនហើយក៏ដោយ ក៏មិនបានសុខស្ងប់ចិត្ត ពោលគឺ តែងតែអន្ទះសាក្ដៅក្រហាយ រហូតដល់ធ្វើនូវអំពើដែលមិនប្រកបតាមគន្លងធម៌បានកាន់តែច្រើន សេចក្ដីខ្វះខាតកាន់តែធំធេង ដូចពុទ្ធភាសិតថា អ្នកបរិភោគកាម សុទ្ធតែជាអ្នកខ្វះខាតរហូតដល់លះបង់រាងកាយទៅ ។ ទោសៈ កាលបើគ្របសង្កត់ជនណាហើយ ជននោះគឺជាមនុស្សគ្មានមេត្តាធម៌ មនុស្សវង្វេងបាំងទុក្ខំ និងប្រព្រឹត្តទុច្ចរិតផ្សេង ៗ ដូចជាការបង្កជម្លោះ ការចង់កំចាត់នូវពៀរដោយតាមសងសឹក ចង់ឈ្នះកោធជនដោយការខឹងក្រេវក្រោធតតបដែលមិនខុសអ្វីអំពីការចង់ឈ្នះអគ្គីកំពុងឆេះ ដោយការយកឥន្ធនៈមកជះពន្លត់ដូច្នេះឯង ហើយទីបំផុត គឺសុទ្ធតែជាអ្នកចាញ់ គឺចាញ់កិលេសបាបក្នុងខ្លួនឯង ច្រើនតែបង្កវេរាគ្មានទីបញ្ចប់ ។ ដូច្នេះ យើងគួរតែយកជ័យជំនះលើខ្លួនឯង ដោយអប់រំចំរើនព្រហ្មវិហារធម៌ដល់បុគ្គលទូទៅ ទោះជាមិនជាទីស្រឡាញ់ ទោះបីជាយ៉ាងណា, ចំពោះបុគ្គលមិនជាទីស្រឡាញ់ យើងចំរើនមេត្តាម្លឹងតែត្រង់ចំណុចល្អរបស់ជននោះ ដូចបុគ្គលណាដើរផ្លូវឆ្ងាយស្រេកទឹកហើយបានជួបស្រះ គួរតែវែកចកនិងសារាយចេញ ហើយក្រេបផឹកតែត្រង់ទឹកថ្លាប៉ុណ្ណោះ ។ ដូច្នេះ យើងមិនត្រូវក្រោធខឹងនឹងមនុស្សឆ្កួតទេ តែយើងគ្រាន់តែធ្វើយ៉ាងណា កុំអោយមនុស្សឆ្កួតនោះបៀតបៀនបាន និងធ្វើអោយចិត្តរបស់យើងបានរួចផុតពីកណ្ដាប់ដៃនៃកិលេសមារដ៏លាមក និងបានជ័យជំនះលើខ្លួនឯងតែប៉ុណ្ណោះ ។ ទោះបីបុគ្គលឈ្នះក្នុងសង្គ្រាមមួយពាន់ គុណនឹងមួយពាន់ដងក៏ដោយ ក៏ព្រះពុទ្ធមិនទាន់អោយឈ្មោះថាអ្នកមានជ័យជំនះដែរ ចំពោះឯបុគ្គលណាដែលឈ្នះខ្លួនឯងតែម្នាក់គត់បាន ទើបមានឈ្មោះថាជាអ្នកមានជ័យជំនះដ៏ប្រសើរឯង ព្រោះគ្មានបុគ្គលណាមួយ សូម្បីមនុស្ស ទេវតា ក៏មិនអាចធ្វើអោយបរាជ័យបានដែរ ម្យ៉ាងទៀត បុគ្គលណារក្សាខ្លួនបានខាងក្រៅរបស់អ្នកនោះ ឈ្មោះថា ខ្លួនបានរក្សាល្អហើយ ។ មុននឹងស្វែងរកកល្យាណមិត្តល្អខាងក្រៅ គួរតែធ្វើខ្លួនឯងអោយជាមិត្តល្អសិន ក៏ដូចជាមុននឹងស្វែងរកសុខសន្តិភាពជូនសង្គមជាតិ គួរតែធ្វើខ្លួនឯងអោយមានសន្តិភាព និងគុណធម៌ជាមុនសិន ព្រោះថា ចំណេះវិជ្ជា ទ្រព្យសម្បត្តិ អំណាច បើធ្លាក់ដល់កណ្ដាប់ដៃបុគ្គលគ្មានគុណធម៌ហើយ វាតែងបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដទៃ និងបំផ្លាញនូវកុសលធម៌របស់ខ្លួនឯងតែប៉ុណ្ណោះ ។ នរជនណារស់នៅបានតែមួយថ្ងៃ ក៏ដាច់ខ្យល់ស្លាប់ទៅវិញ តែជាបុគ្គលមានគុណធម៌ ដូចជាសីល ទាន បញ្ញា ឬ ការបានឃើញព្រះធម៌ជាដើម គង់ប្រសើរវិសេសជាងបុគ្គលរស់នៅបានរាប់រយឆ្នាំ ដែលគ្មានគុណធម៌ ដូច្នេះ បើយើងចង់អោយជីវិតមានន័យខ្លឹមសារ និងឈ្មោះជាអ្នកស្រឡាញ់ខ្លួន និងសន្តិភាពពិតប្រាកដនោះ គួរតែរកសន្តិភាពអោយខ្លួន កុំអោយជាមនុស្សចង្អៀតលោក និងរក្សាខ្លួនរឿយ ៗ ដោយកុំដុតខ្លួនឯងឡើយ ព្រោះថា បុគ្គលល្ងង់ មានខ្លួនឯងជាសត្រូវចំពោះខ្លួនឯង ដូចច្រេះកើតអំពីដែក រមែងស៊ីនូវដែកនោះវិញ ។ បុគ្គលដែលមានការទូន្មានដោយព្រះធម៌នៃព្រះពុទ្ធសាសនាបានល្អហើយនោះ ឈ្មោះថាបាននូវទីពឹងដែលគេបានដោយកម្រ និងរស់នៅដោយសុខសន្តិភាព ដូច្នេះ ព្រះពុទ្ធសាសនាដើរតួនាទីសំខាន់ណាស់ក្នុងការទប់ស្កាត់ និងលុបបំបាត់នូវអំពើហិង្សា ការលួច ឆក់ ប្លន់ ការកាប់សម្លាប់ ការបង្កសង្គ្រាម អំពើពុករលួយ ការរំលោភច្បាប់ អំពើលាមករាប់រយជំពូកដទៃទៀត ។ ព្រះពុទ្ធសាសនា គឺជាគ្រឹះកំពូលនៃប្រព័ន្ធសីលធម៌ ប្រសើរលើសច្បាប់ និងសីលធម៌ធម្មតា និងក៏ជាទ្រឹស្ដីនៃវិទ្យាសាស្ត្រ ដែលភ្ជាប់ហេតុពិតទៅនឹងផល ដូចជាបដិច្ចសមុប្បាទ ចតុរារិយសច្ចៈជាដើម លើសពីនេះទៅទៀត ព្រះធម៌ ៤.២០០ ធម្មក្ខន្ធក្នុងអភិធម្មបិដក មានអត្ថន័យទស្សនវិជ្ជាជ្រាលជ្រៅហួសនិស្ស័យនៃគំនិតរបស់មនុស្សលោកសាមញ្ញ ដែលប្រឹងគិតរាវរកអោយឃើញបានដោយខ្លួនឯង និងដោយគ្មានព្រះពុទ្ធត្រាស់ដឹងឡើងទេនោះ ។ ព្រះពុទ្ធមិនមែនជាអ្នកបង្កើតធម៌ទេ តែព្រះអង្គគ្រាន់តែរកធម៌ឃើញប៉ុណ្ណោះ ដោយប្រើពេលកសាងសន្សំអភិនីហារបារមី ដើម្បីត្រាស់ដឹង អស់ ៤ អសង្ខេយ្យ និងមួយសែនកប្ប ។ ធម៌នេះក៏មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គល ឬជនជាតិណាមួយឡើយ ព្រោះថា បុគ្គលណាក៏ដោយអោយតែប្រព្រឹត្តតាមព្រះធម៌បានត្រឹមត្រូវហើយ ព្រះធម៌តែនាំសេចក្ដីសុខអោយដល់ជនទាំងអស់នោះ «ធម្មោ សុចិណ្ណោ សុខមាវហាតិ» ដូច្នេះ ព្រះពុទ្ធសាសនា គឺជាច្បាប់សកល និងជាគ្រឹះសំរាប់យើងទាំងអស់គ្នា ក្នុងពិភពលោកគោរពប្រតិបត្តិ ដើម្បីបានសុខសន្តិភាព ស្ថិរភាព សុភមង្គល ការបានប្រយោជន៍ខ្លួនឯងផង ប្រយោជន៍អ្នកដទៃផង ប្រយោជន៍ក្នុងការរស់នៅបច្ចុប្បន្នផង ប្រយោជន៍បរលោកផង បិងប្រយោជន៍ ដ៏ក្រៃលែង គឺព្រះនិព្វានជាទីបំផុត នៃការអន្ទោលទៅក្នុងសង្សាវដ្តផងដែរ ៕
post by : Kong Sophat post Date : 01-Sep-2017
View : 1761

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?