







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
បុណ្យចូលព្រះវស្សាក៏ជាបុណ្យដ៏ធំមួយដែលអាចចាត់ទុកថា ជាបុណ្យដែលមានសារៈសំខាន់ណាស់នៅក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារឰពីធីបុណ្យចូលព្រះវស្សា ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនាក៏បាននាំគ្នាជ្រះថ្លារៀបចំ គ្រឿងសក្ការៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗសម្រាប់ឧបត្ថម្ភដល់ភិក្ខុសង្ឃឆាន់ និង ប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ នៅប្រទេស ខ្មែរក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួស និង មកសំណាក់នៅក្នុងវត្តដើម្បីអប់រំខ្លួនឲ្យមានចរិយាសម្បត្តិល្អ តាមគន្លងព្រះពុទ្ធសាសនា ។ ពាក្យថា វស្សា មកអំពីពា្យបាលីថា វស្ស ប្រែថាភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល ៤ខែ គឺរាប់ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថាវស្សានរដូវ ។ បានជាព្រះបរមសាស្តានៃយើង ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ មានកិច្ចចូលចាំវស្សា នោះពីព្រោះហេតុខាងដើម ២យ៉ាងគឺ៖ ១– ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះ មានគួរខ្លះ មិនគួរខ្លះ មានការ ដើរជាន់នៅភូតគាម ពិជគាម និងធញ្ញជាតិផ្សេងៗ ដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តិះដៀល និង ពោលនូវទោសដែលមានប្រការផ្សេង។ ២– ជារដូវភ្លៀងជោកជាំផង ព្រះពុទ្ធអង្គមានបំណងកុំឲ្យបព្វជិតក្នុងសាសនា លំបាកក្នុង ការធ្វើដំណើរទៅមក គឺឲ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល ៣ ខែ ។ ដើមកំណើតនៃបុណ្យចូលព្រះវស្សា៖ បុណ្យចូលព្រះវស្សានេះគឺមានដើមកំណើតតាំងពីព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់គង់នៅមានព្រះជន្មនៅឡើយ។ នៅក្នុងសម័យកាលនោះគឺមានរឿងរ៉ាវកើតឡើងក្នុងព្រះពុទ្ធសាសនា ទើបព្រះអង្គទ្រង់បញ្ញត្ដិនូវពិធីបុណ្យចូលព្រះវស្សានេះឡើង។ នៅក្នុងសម័យកាលនោះ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់គង់នៅវត្ដវេឡុវ័នជាវត្ដដែលសម្បូរទៅដោយ ដើមឫស្សី ឬក៏ហៅថាព្រៃឫស្សី(កលន្ទកនិវាបស្ថានទៀបក្រុងរាជគ្រឹះ)។ គ្រានោះឯងការនៅចាំវស្សាព្រះមានព្រះភាគមិនទាន់បានបញ្ញត្ដិនៅ ឡើយទេ មានន័យថា មិនទាន់មានពិធីបុណ្យចូលព្រះវស្សានៅឡើយទេ។ ពួកភិក្ខុទាំងឡាយនៅក្នុងព្រះពុទ្ធសាសនាតែងតែត្រាច់ទៅតាមចារិក ផ្សេងៗ មានន័យថាធ្វើដំណើរទៅតាមសេចក្ដីប្រាថ្នារបស់ខ្លួនឯង ដោយភិក្ខុខ្លះធ្វើដំណើរអស់ហេមន្ដរដូវខ្លះ អស់គិម្ហរដូវខ្លះ និងអស់វស្សានរដូវខ្លះ ដោយមិនមានពេលសម្រាកខែណាមួយឱ្យពិតប្រាកដនៅកន្លែងណាមួយនោះទេ ដោយត្រាច់ទៅតាមចិត្ដចង់។ ដូចនេះហើយពួកមនុស្សទាំងឡាយក៏ពោលទោសតិះដៀលដល់ភិក្ខុនោះថា ពួកភិក្ខុទាំងអស់នេះជាសមណៈជាសក្យបុត្ដិយ៍ មិនសមនឹងត្រាច់ទៅកាន់ចារិកអស់ហេមន្ដរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សារដូវខ្លះ ដោយមិនមានពេលសម្រាកនោះទេ។ ហើយការត្រាច់នេះគឺត្រាច់ទៅដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិតមានឥន្ទ្រីយតែ១ ញ៉ាំងឱ្យសត្វតូចៗជាច្រើនឱ្យដល់នូវសេចក្ដីវិនាសសោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃ(ពួកដែលកាន់សាសនាផ្សេងៗ)ក៏គេមានរដូវ ចូលវស្សាដែរ។ សូម្បីតែពួកសត្វស្លាបនេះទៀតសោតក៏គង់ធ្វើសម្បុកលើចុងឈើទាំងឡាយហើយ នឹងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចម្លែកតែពួកសមណៈជា សក្យបុត្គិយ៍នេះមិនមានចាំវស្សសោះអ៊ីចឹង។ កាលមនុស្សទាំងនោះកំពុងពោលពាក្យតិះដៀលបន្ដុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់ ហើយក៏បានយកពាក្យទាំងនោះទៅក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះឯងរួចហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យភិក្ខុចូលវស្សា ប៉ុន្ដែទ្រង់មិនទាន់បានកំណត់ថាពេលណាឱ្យចូលវស្សានោះទេ។ ក្រោយមកទៀតភិក្ខុទាំងឡាយក៏នាំគ្នាឆ្ងល់ថា រដូវមានតែបីនោះទេ តើត្រូវចូលរដូវមួយណា? ភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គព្រះត្រាស់ថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឱ្យអ្នកទាំងឡាយចូលវស្សានៅក្នុង វស្សានរដូវ(រដូវភ្លៀង)។ ថ្ងៃចូលវស្សាគឺមាន២ដង គឺថ្ងៃបុរិមិកាវស្សា (ចូលវស្សាមុន)និងថ្ងៃបច្ឆិមិកាវស្សា(ចូលវស្សាក្រោយ) ភិក្ខុគួរចូលវស្សាក្នុងថ្ងៃបន្ទាប់នៃថ្ងៃពេញបូណ៍មីខែអាសាធ (ថ្ងៃ១រោចខែ អាសាធ)ចូលវស្សាមុន ហើយថ្ងៃដែលចូលវស្សាទី២គឺពេញបូណ៍មីខែអាសាធ(ថ្ងៃ១រោចខែស្រាពណ៍) ដោយត្រូវចូលជារៀងរាល់ឆ្នាំ ភិក្ខុណាដែលមិនចូលគឺត្រូវអាបត្ដិទុក្កដ(ទោស) ហើយរយៈពេលដែលចូលវស្សានេះគឺមានបីខែ(ខែខ្មែរ)។ ចំពោះមូលហេតុដែលចូលព្រះវស្សាចែកចេញជាពីរនេះគឺដោយសារតែភិក្ខុ ខ្លះមានធុរៈសំខាន់ដែលមិនអាចចូលវស្សាលើកទី១បាន។ ដូចនេះត្រូវលើកទៅ ចូលវស្សាលើកទី២វិញដែលមានរយៈពេលបីខែដូចគ្នា។ សារៈសំខាន់នៃបុណ្យចូលព្រះវស្សា៖ ពិធីបុណ្យចូលព្រះវស្សាមានសារៈសំខាន់ណាស់ចំពោះភិក្ខុសង្ឃ សាមណេរដែលបានចូលបួសជាសមណៈព្រោះថាកាលព្រះវស្សាដែលព្រះពុទ្ធទ្រង់បញ្ញាត្ដិកាលត្រីមាស៣ខែនេះដូចជា ៖ ធ្វើឱ្យភិក្ខុសាមណេរទទួលបានសង្រួមនៅក្នុងឥន្ដ្រីសំវរៈ បានផ្ដល់ឱកាសដល់ភិក្ខុមានសិទ្ធិទទួលអនុមោទនានៃទាយកទាយិកា ទទួលបានអានិសង្ឃនៃការកាន់ព្រះវស្សា បង្កើនសេចក្ដីជ្រះថ្លាដល់ពុទ្ធបរិស័ទទាំងអស់ អាចបង្កើតសាមគ្គីភាពរវាងភិក្ខុ និងភិក្ខុនៅក្នុងអាវាស។ កិច្ចដែលភិក្ខុត្រួវប្រតិបត្តិក្នុងពេលចូលព្រះវស្សា៖ តាមព្រះពុទ្ធបញ្ញត្ដិ ព្រះអង្គទ្រង់ហាមមិនឱ្យភិក្ខុសង្ឃទាំងអស់ដែលគង់ក្នុងអារាមនីមួយៗ ចេញពីវត្ដដោយកន្លងរាត្រីបាននោះទេ ក្នុងកាលនៃការចូលកាន់ព្រះវស្សា៣ខែនោះ។ ប៉ុន្ដែដោយមានការទូលសុំពីពួកបរិស័ទ និងភិក្ខុសង្ឃ ព្រះមានព្រះភាគទ្រង់អនុញ្ញាតសត្ដហៈចំនួន៧ថ្ងៃ ដោយមានហេតុកើតឡីងចំពោះភិក្ខុដូចជា ៖ មាតា ឬបិតាឈឺ គ្រូឧបជ្ឈយ៍មានអាពាធ មានការនិមន្ដពីពុទ្ធបរិស័ទ បើមិនមានហេតុទាំងអស់ខាងលើនោះទេ ភិក្ខុមិនអាចនិមន្ដចេញពីអារាមដោយកន្លងរាត្រីបាននោះទេ។ ភិក្ខុដែលលើកសត្តហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្តវិញ ខាងក្នុងអរុណនៃថ្ងៃទីប្រាំពីរ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។ ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃទី៧ឲ្យសោះ ពុំនោះសោតនឹងត្រូវដាច់វស្សានឹងត្រូវអាបត្តិទុក្កដ មិនអាចទទួលអានិសង្សកឋិន និង សង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។ ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាតចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សាប៉ុណ្ណោះ ។ ការប្រារព្ធពិធីបុណ្យចូលព្រះវស្សា៖ ពិធីបុណ្យចូលព្រះវស្សានេះគេប្រារឰដោយចែកចេញជាពីរផ្នែក គឺផ្នែកពុទ្ធបរិស័ទ និងផ្នែកព្រះសង្ឃ។ ១.ផ្នែកពុទ្ធបរិស័ទ ៖ នៅល្ងាចថ្ងៃ១៥កើតខែជេស្ន នាំគ្នាប្រារឰកិច្ចថ្វាយបង្គំព្រះសមាទានសីល បន្ទាប់មកនិមន្ដព្រះសង្ឃ ចំរើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃ១រោចខែអាសាធ ពេកព្រឹកប្រគេនយាគូដល់ព្រះសង្ឃ ហើយថ្ងៃត្រង់វេរចង្ហាន់បិណ្ឌបាទព្រមទាំងសំពត់សាដក និងបរិក្ខារផ្សេងៗមានទាន ធូប ប្រេង តែ ស្ករជាដើម ប្រគេនព្រះសង្ឃដោយឆ្លងជាកិច្ចបង្ហើយបុណ្យ។ ២.ផ្នែកព្រះសង្ឃ ៖ នៅល្ងាចថ្ងៃ១រោចខែអាសាធវេលាម៉ោង៦យប់ព្រះសង្ឃទាំងអស់ក្នុងវត្ដអារាម ផ្សេងៗ បានជួបជុំគ្នានៅក្នុងព្រះវិហារ ដើម្បីប្រារឰពិធីចូលកាន់ព្រះវស្សា ដោយមានព្រះគ្រូចៅអធិការជាអ្នកដឹកនាំកិច្ចនោះ។ ជាដំបូងភិក្ខុទាំងអស់នាំគ្នាថ្វាយបង្គំព្រះបន្ទាប់មកធ្វើពិធីកំណត់ ការចូលកាន់ព្រះវស្សាតែម្ដង។ តំណម៖ ក្នុងរយៈពេលចូលវស្សា ៣ ខែនេះ ពុទ្ធបរិស័ទតែងមានតំណម ដូចជា មិនរៀបមង្គលការកូនចៅ និងមិនសង់ផ្ទះថ្មីជាដើម ដោយចាត់ទុកថាថ្ងៃទាំងអស់ក្នុងកំណត់ ៣ ខែនោះ ជាថ្ងៃឥតមានឫក្សល្អ ឥតមានជោគជ័យ និងឥតមានសិរីសួស្ដី ៕
post by : Kong Sophat post Date : 01-Sep-2017
View : 8060

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?