







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
របៀបទស្សន៍ទាយទឹកភ្លៀង ដោយផ្សារភ្ជាប់ជីវិតទៅនឹងការងារកសិកម្ម ដាំដុះ ប្រជាកសិករខ្មែរត្រូវការទឹកភ្លៀងជាចាំបាច់បំផុត ។ ដូច្នេះ ដើម្បីតម្រូវកិច្ចការភ្ជួររាស់ សាបព្រោះ ដក ស្ទូង អោយស៊ីចង្វាក់គ្នានឹងរបបទឹកភ្លៀង កសិករខ្មែរបុរាណ មានចំណេះដឹង នឹងមានបទពិសោធន៍ខ្លះ ៗ ក្នុងការទស្សន៍ទាយ ឬក៏អាចដឹងទុកជាមុនអំពីរបបទឹកភ្លៀងក្នុងរដូវនេះ ក៏ដូចជារដូវក្រោយ ។ វាពិតណាស់ហើយថា ការទស្សន៍ទាយតាមបែបពិសោធនិយម (emporique) នេះ មិនអាចត្រឹមត្រូវបាន ១០០ % ទេ ទោះបីផ្នែកឧតុនិយម ដែលមានរបៀបព្យាករណ៍ តាមបែបវិទ្យាសាស្ត្រ ក៏ទស្សន៍ទាយធាតុអាកាសនៅខុសឆ្គងខ្លះ ៗ ដែរ ។ ដូច្នេះ ទោះជាត្រឹមត្រូវត្រឹមកំរិតណា ឬ មិនត្រឹមត្រូវក៏ដោយ ក៏យើងសូមលើកយករបៀបទស្សន៍ទាយទឹកភ្លៀងនេះ មកជំរាបជូនជន្មានុជនជំនាន់ក្រោយ ដើម្បីបានជាពន្លឹកក្នុងការសិក្សាស្រាវជ្រាវអំពីជំនឿ ប្រពៃណី ទំនៀមទម្លាប់ខ្មែរយើងពីបុរាណផង ។ I. ទស្សន៍ទាយភ្លៀងតិច – ច្រើន ១/– របៀបទស្សន៍ទាយដោយមើលជើងមេឃ : នៅពេលព្រលឹមស្រាង ៗ នាទិសខាងកើតជាប់នឹងជើងមេឃ បើកាលណា គេឃើញមានពពកខ្មៅ 1 ជាជួរ លាតសន្ធឹងយ៉ាងវែង ស្របនឹងបន្ទាត់ជើងមេឃ ឬឃើញដុំពពកខ្មៅជាផ្ទាំងធំ នោះជាសញ្ញាថា ថ្ងៃនេះនឹងមានភ្លៀងធំ ពិសេសពេលរសៀល ។ ២/– របៀបទស្សន៍ទាយតាមកំដៅធាតុអាកាស : ចាប់ពីពេលថ្ងៃពេញពន្លឺ រហូតដល់ថ្ងៃជ្រៀលជ្រេ ប្រសិនបើធាតុអាកាសក្ដៅខ្លាំង ហើយស្អុះស្អាប់ ស្ងប់ ហប់ខ្យល់, នោះគេទាយថា ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ច្រើន ជាមិនខាន ។ ៣/–របៀបទស្សន៍ទាយដោយពិនិត្យសកម្មភាពសត្វ : ចាស់ព្រឹទ្ធាចារ្យខ្មែរយើង ចេះវិធីសង្កេតសត្វស្រមោចដែលធ្វើសកម្មភាពពាំពង – ពាំចំណីរបស់វា តម្រៀបគ្នាវារដង្ហែរជាជួរវែងចេញពីសំបុក ឬពីររន្ធក្នុងដីឡើងតាមសសរផ្ទះ ។ សកម្មភាពបែបនេះ ធ្វើអោយគាត់ដឹងថា យ៉ាងយូរណាស់ ពីរបីថ្ងៃទៀតនឹងមានភ្លៀងធំ ជាប្រាកដ ។ ម្យ៉ាងទៀត នៅពេលថ្ងៃត្រង់ បើព្រះអាទិត្យបញ្ចេញចំហាយក្ដៅយ៉ាងខ្លាំង ហើយគេឮគីង្គក់យំ «ក្រត ៗ» 2 នោះគេដឹងថានឹងមានភ្លៀងធ្លាក់ហើយ ។ ៤/– របៀបទស្សន៍ទាយដោយពិនិត្យក្រយៅឈូក 3 : បើភ្លៀងកំពុងធ្លាក់ជាប់ពីរ – បីថ្ងៃ ហើយគេឃើញក្រយៅឈូកធ្លាក់ពីលើមេឃ នោះគេកំណត់ថានឹងរាំងភ្លៀង ។ តែបើកំពុងរាំង ហើយឃើញក្រយៅឈូកធ្លាក់ នោះគេទាយថានឹងមានភ្លៀងវិញ ។ ៥/– របៀបទស្សន៍ទាយដោយពិនិត្យខ្យល់ជំនោរ 4 : នៅពេលកំពុងរាំង បើកាលណាគេសង្កេតឃើញមានខ្យល់ជំនោរបក់មកវឹង ៗ ជាប់ចំនួនប៉ុន្មានថ្ងៃនោះ គេដឹងថា នៅរវាងប៉ុន្មានថ្ងៃខាងមុខ នឹងមាន «ភ្លៀងរលឹម» ចំនួនប៉ុន្មានថ្ងៃដែរ ។ ៦/– របៀបទស្សន៍ទាយទឹកភ្លៀងប្រយោលពេល 5 : (ក) ដោយពិនិត្យផ្កាឈើ ក្នុងចំណោមរុក្ខជាតិទាំងប៉ុន្មាន ចាស់បុរាណលោកកំណត់យកតែផ្កាអំពិល ឬ ផ្កាស្វាយប៉ុណ្ណោះ ធ្វើជាគោលនៃការពិនិត្យ ។ ធម្មតា អំពិលតែងចេញផ្កានៅរដូវដើមឆ្នាំ ។ កាលណាគេឃើញអំពិលចេញផ្កាច្រើនស្គុសស្គាយពេញទាំងដើម, ហើយចេញផ្កាស្រុះគ្នា ពុំមានរកេតរកូត ខ្លះមុន ខ្លះក្រោយ នោះគេសន្មតថា ឆ្នាំនេះ (រដូវខាងមុខ) នឹងមានភ្លៀងធ្លាក់យ៉ាងបរិបូណ៌, របរកសិកម្មនឹងមានផលច្រើន ។ ផ្ទុយទៅវិញ បើអំពិលចេញផ្កាបន្តិចបន្តួចដោយមែកខ្លះ ៗ ជួនកាលមែកមុនចេញក្ដិបទៅ ហើយមែកក្រោយទើបតែចេញផ្ការដាច់រដោចបន្តបន្ទាប់ បាតុភូតបែបនេះ គេដឹងថា ឆ្នាំនេះភ្លៀងធ្លាក់តិច ហើយមិនទៀងទាត់ ។ ដំណាំគ្រប់ប្រភេទ ច្បាស់ជាមិនហុចផលល្អឡើយ ។ (ខ) តាមការពិនិត្យសត្វព្រៃ ជាធម្មតា ជនបទភាគច្រើននៅស្រុកស្រែយើង តែងតែផ្សារភ្ជាប់ជីវិតទៅនឹងធម្មជាតិព្រៃភ្នំនានា ។ បណ្ដាកសិករចូលចិត្តទៅដេញសត្វ បណ្ដើរឆ្កែតាមទ្រូងព្រៃ លើភ្នំ រកអណ្ដើក ដេញត្រកួត សំពោច ជ្រូកព្រៃ ប្រើស ក្ដាន់ រមាំង ជាដើម ។ ជួនកាល ពួកថ្មើរព្រៃទាំងនេះ ដេកសម្រាក ដាំបាយបរិភោគនៅក្នុងព្រៃ 6 នោះទៀតផង ។ នៅពេលដេញសត្វ គេច្រើនតែចាប់បានកូនត្រកួតតូច ៗ 7 ដែលមេរត់ចោល ឬក៏រអិលជើងធ្លាក់ពីលើមែកឈើ ។ គេយកកូនត្រកួតមកប្រជុំគ្នាពិនិត្យមើលតាំងពីគល់កន្ទុយ (ដើមឆ្នាំ) ពាក់កណ្ដាលកន្ទុយ (ពាក់កណ្ដាលឆ្នាំ) ចុងកន្ទុយ (ចុងឆ្នាំ) 8 ។ ធម្មតា កន្ទុយត្រកួតមានពីរពណ៌គឺ ខ្មៅ និង ស ឆ្លាស់គ្នាដូចជាចង្កំកាំបិត ។ ពណ៌ខ្មៅ ជាសញ្ញាទឹកភ្លៀង ឯពណ៌ស ជាសញ្ញារាំងភ្លៀង ។ កាលបើពិនិត្យឃើញថា នៅគល់កន្ទុយមានពណ៌ខ្មៅវែងជាងពណ៌ស នោះគេទាយថា នៅដើមឆ្នាំមានភ្លៀងច្រើន ។ រួចគេពិនិត្យនៅពាក់កណ្ដាលកន្ទុយ និងចុងកន្ទុយ មើលអោយដឹងថា តើមានពណ៌អ្វីធំជាងពណ៌អ្វីរួចទើបគេទាយតាមនោះទៅ ។ ឧទាហរណ៍ បើនៅពាក់កណ្ដាលកន្ទុយ មានចន្លោះពណ៌សច្រើនជាងពណ៌ខ្មៅ គេទាយថា នៅពាក់កណ្ដាលឆ្នាំមានភ្លៀងតិច ឬ រាំងភ្លៀង ។ បើនៅចុងកន្ទុយ មានពណ៌ខ្មៅវែងជាងពណ៌ស ឬ មានសុទ្ធតែខ្មៅរហូតដល់ចុង គេទាយថា នៅចុងឆ្នាំនឹងមានពណ៌ច្រើន ។ (គ) របៀបទស្សន៍ទាយទឹកភ្លៀងតាមការផ្សងទៀននៅក្នុងពិធីសំពះព្រះខែ អាចារ្យដែលមាននាទីចាត់ចែងកម្មវិធីបុណ្យសំពះព្រះខែ បានបង្គាប់អោយសរសេរដាក់ឈ្មោះខេត្ត នៅលើទៀននីមួយ ៗ ។ នៅពេលដែលទៀនកំពុងឆេះ គេបង្វិលឈើ 9 ដែលបិទទៀននោះអោយផ្អៀងទៅម្ខាង (ឆ្វេង ឬ ស្ដាំ) ។ ពេលនោះ បើគេពិនិត្យទៅឃើញថា ទៀនតំណាងខេត្តណាស្រក់ញាប់ (ច្រើនជាងគេ) គេសន្មតថា ខេត្តនោះ ៗ មានភ្លៀងច្រើន 10 ។ II- ទស្សន៍ទាយអំពីការអស់ទឹកភ្លៀង ក/– ដោយពិនិត្យផ្កាឈើ : គេច្រើនពិនិត្យមើលផ្កាទន្ទ្រានខេត្ត និងផ្កាកន្ទ្រាំងបាយស (ស្មៅអំបោស) ក្នុងការកំណត់ទំនាយ ។ បើកាលណាគេឃើញដើមទន្ទ្រានខេត្ត និងដើមកន្ទ្រាំងបាយសចេញផ្កាហើយនោះ គេអាចនឹងដឹងបានថាលែងមានភ្លៀងទៀតហើយ ។ រុក្ខជាតិទាំងពីរប្រភេទនេះចេញផ្កាពុំមានពេលកំណត់ ទៀងទាត់ច្បាស់លាស់ទេ ។ ជួនកាលវឆាប់ចេញផ្កា ជួនកាលវាក៏ចេញផ្កាយឺតពេល ។ ខ/– ដោយស្ដាប់សំគាល់សំឡេងសត្វ : ក្រោយពេកចេញវស្សា ចាស់ ៗ ច្រើនសង្កេតសត្វពីរពួក ដើម្បីកំណត់សំគាល់ការអស់ទឹកភ្លៀងគឺ : + កាលណាគេឮសំឡេងកង្កែប ដែលខំស្រែកដោយត្រូវពស់លេប ឮសូរ «វ៉ែប ៗ» នៅក្បែរ អណ្ដូង – មុំភ្លឺស្រែ កៀនដំបូក នោះគេសំគាល់ថា អស់ភ្លៀងហើយ, ឯទឹកជំនន់ ក៏ស្រកទៅវិញផងដែរ ។ + កាលណាគេឮសូរកុកក្រក ដែលចុះរកស៊ីក្នុងស្រែ និងថ្លុក ត្រពាំង បន្លឺសំឡេងឮសូរ «ក្រក ៗ» នោះគេដឹងថា រដូវភ្លៀងនឹងចប់ហើយ ។ ហើយនេះ ក៏ជាសញ្ញានៃរដូវទឹកសម្រកផងដែរ ។ គ/– ដោយចំណាំលើការប្រែប្រួលខ្យល់រដូវ និង ធាតុអាកាស + កាលណាគេឃើញមេឃស្រឡះ ខៀងស្រងាត់ 11 ពុំមានពពកសោះ ហើយនៅពេលយប់ ផ្កាយទាំងឡាយរះយ៉ាងច្បាស់ក្រឡែត ៗ មើលទៅឃើញធំ ៗ ជាងសព្វដង នោះគេដឹងថានឹងអស់ភ្លៀងហើយ ។ + កាលណាខ្យល់រដូវ (Mousson) ផ្លាស់ប្ដូរទិស គឺត្រឡប់ជាបក់មកពីទិសខាងជើង ឬពីឱសានវិញនោះ គេដឹងថារបបទឹកភ្លៀងត្រូវបានបញ្ចប់ហើយ ។ + កាលណាមានភ្លៀងពេលអធ្រាត ធ្លាក់ចុះមកជាមេធំ ៗ ភ្លៀងរបៀបនេះ គេហៅថាភ្លៀង «លាងស្លែ» ។ នេះមិនមែនជាភ្លៀងធម្មតាទេ ប៉ុន្តែ គឺជាភ្លៀង «ផ្ដាំ» ភ្លៀងចុងក្រោយ ឧបមាដូចយើងខ្ពុរមាត់ឈប់បរិភោគដូច្នេះដែរ ។ + ជួនកាលភ្លៀងធំ នាពេលអធ្រាតនេះ មានរន្ទះបាញ់ផូងផាងផងដែរ ។ គេច្រើននិយមហៅថា «រន្ទះបាញ់ក្បាលត្រីក្រាញ់» ព្រោះជាចៃដន្យនៅពេលស្របជាមួយនេះដែរក្បាលត្រីក្រាញ់ទាំងឡាយមានស្នាមរបកពពាល រលាត់ ទំពែក ។ នេះក៏ជាសញ្ញាថាអស់ទឹកភ្លៀងដែរ ។ ឃ/ ដោយពិនិត្យភ្លៀងនៅថ្ងៃភ្ជុំបិណ្ឌ : ចាស់បុរាណ លោកអោយពិនិត្យថ្ងៃភ្ជុំបិណ្ឌ ដើម្បីគំណត់អោយដឹងថា តើឆ្នាំនេះ ភ្លៀងជូនចុងរដូវ ឬក៏រាំងរឹះ ។ ឆ្លងតាមរយៈការពិនិត្យនេះ លោកសំគាល់ថា : – ប្រសិនបើមានភ្លៀង នៅចំថ្ងៃបុណ្យភ្ជុំនោះ គេសន្មតថា ស្រូវនឹងស្កក ព្រោះភ្លៀងមិនជូនចុងឆ្នាំទេ ។ – ប្រសិនបើពុំមានភ្លៀងនៅថ្ងៃបុណ្យភ្ជុំបិណ្ឌទេ ចាស់ៗ លោកសប្បាយរីករាយ ហើយប្រកាសប្រាប់គ្នីគ្នាថា ឆ្នាំនេះភ្លៀងនឹងជូនចុងឆ្នាំ ។ ស្រូវធ្ងន់យើងនឹងបានផលពេញលេញជាមិនខាន ។ ង/ ដោយឮសំឡេងផ្គរលា ឬ ផ្គរផ្ដាំក្ដាមខ្យង : នៅចុងខែអស្សុជ ឬនៅដើមខែកត្តិក នាពេលអធ្រាតស្ងាត់ជ្រងំ គេតែងឮសូរផ្គរលាន់បន្លឺសំឡេងបង្អូសយ៉ាងវែង ឮពីជ្រុងទិសនិរតី ឬទក្សិណ ។ មុនដំបូងផ្គរនោះឮសូរដូចជានៅជិត ។ ប៉ុន្តែសំឡេងផ្គរឮកាន់តែឆ្ងាយទៅ ៗ តិចទៅ ៗ រហូតបាត់សូរសំឡេងតែម្ដង ។ អ្នកទាំងឡាយណាដែលធ្លាប់ព្រាត់គូស្នេហា ព្រាត់ប្រាស់គ្រួសារ ឬ រស់នៅឃ្លាតឆ្ងាយពីស្រុកកំណើត កាលបើបានឮផ្គរនេះហើយ គេច្បាស់ជាស្រងេះស្រងោច ហៀរទឹកភ្នែកដោយពុំដឹងខ្លួន ។ ចាស់ ៗ អោយឈ្មោះផ្គរប្រភេទនេះថា «ផ្គរលា» ឬ «ផ្គរផ្ដាំក្ដាម – ខ្យង» ។ ព្រះបាទរាជសម្ភារ 12 ជាកវីដ៏ឆ្នើម នាសតវត្សទី ១៧ ទ្រង់ព្រះរាជនិពន្ធកំណាព្យមួយឈ្មោះ «សរសើរហេមន្តមាស 13» ក្នុងនោះ កំណាព្យក៏បាននិយាយដល់ផ្គរលាន់ផ្ដាំក្ដាម–ខ្យង ដែលចាស់ ៗ ពីដើម តែងស្មូតធ្វើបទយ៉ាងពីរោះ នៅពេលដែលឮផ្គរនេះ។ ឧទាហរណ៍ «… ផ្គរផ្ដាំក្ដាមខ្យងកង្កែបគ្រំ អោយខំកាយរន្ធពួនអាត្មា តែទឹករីងខះអស់កាលណា ប្រយ័ត្នមនុស្សាប្រហារឆី …» ។ ផ្គរលាន់ផ្ដាំក្ដាមខ្យង ឬ ផ្គរលានេះ ជាសំឡេងធម្មជាតិអោយដំណឹងដល់កសិករថាអស់ទឹកភ្លៀងហើយ គួរស្រវាស្រទេញតម្កល់ទឹកទុកក្នុងស្រែ ការពារក្រែងស្រូវស្កក ។ ដោយ មៀច ប៉ុណ្ណ 1គេហៅថា ភ្នំទឹក ឬ ភ្នំយោង ក៏បាន 2ជួនកាលកូនក្អាត់យំនៅក្នុងស្រែ ពេលថ្ងៃត្រង់កំពុងក្ដៅខ្លាំង ក៏គេទាយថាមិនមាន ភ្លៀងដែរ ។ 3គេហៅថា អំបោះខ្មោចក៏បាន ។ អ្នកស្រុកខ្លះ (កោះធំ) ហៅថា អំបោះព្រះ ។ * មានមតិចាស់ ៗ ខ្លះ បានពោលមកត ៗ គ្នាថា នៅនាស្ថានកៃលាស ស្ដេចនាគរាជដែលមានភារៈផ្ដល់ទឹកភ្លៀងប្រចាំឆ្នាំមកអោយមនុស្សលោក បានលេងទឹកយ៉ាងសប្បាយនៅក្នុងស្រះបោក្ខរណី ។ ពេលហែលមុជ បត់បែន ប្រែប្រួលខ្លួនចុះឡើងនោះ ស្ដេចនាគរាជវាសវ័ធកន្ទុយទៅលើដើមឈូក ធ្វើអោយដាច់ពាសពេញស្រះ ។ ដូច្នេះហើយបានជាជ័រ ដែលហូរចេញពីដើមឈូកនេះ បានរសាត់អណ្ដែតហោះហើរតាមខ្យល់ ធ្លាក់មកស្ថានកណ្ដាលយើងយ៉ាងច្រើន នាំអោយយើងរាល់គ្នាបកស្រាយទៅតាមការយល់ប្លែក ៗ គ្នា ក្នុងការទស្សន៍ទាយទឹកភ្លៀង ។ 4ខ្យល់ជំនោររដូវវស្សា ច្រើនបក់មកពីទិសខាងត្បូង ឬពីនិរតី ។ 5ទាយក្នុងរដូវនេះ ឬ រដូវក្រោយ ។ 6គេច្រើនសម្រាកនៅក្នុងគុហាចាស់សម័យបុរេប្រវត្តិសាស្ត្រ ។ ដេកលើធ្នះដើម្បីបង្កាសត្វសាហាវ ។ 7កាលវានៅតូច គេហៅថា «តម្រាព្រៃ» គឺទុកវាជាក្បួនសម្រាប់ទាយទឹកភ្លៀង ។ 8ពណ៌នៅកន្ទុយសត្វព្រៃ មិនដូចគ្នារាល់ឆ្នាំនោះទេ គឺប្លែកពណ៌គ្នាជានិច្ច ។ 9ឈើបិទទៀនប្រវែងប្រមាណ ២,៥០ ម ឬ ៣ ម មានឆ្លាក់ក្បាលនាគនៅសង្ខាង ។ 10ចំនួនទៀន ស្មើនឹងចំនួនខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ។ 11រាត្រីខែអស្សុជ ឬ កត្តិក 12ព្រះរាជសម្ភារ ឬ ស្រីធម្មរាជា ឬ ពញា តូ (១៦២៩ – ១៦៣៤) ។ 13កំណាព្យនេះ ទ្រង់បានព្រះរាជនិពន្ធពីឆ្នាំ ១៦២៩ ។
post by : Kong Sophat post Date : 01-Sep-2017
View : 2528

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?