







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ដូចព្រះអាទិទេពដទៃៗឯទៀត នៃព្រហ្មញ្ញសាសនា ព្រះសិវៈមានរហសនាមជាច្រើន ក្នុងនោះមានឈ្មោះ និលកន្ធ ដែលគួរឲ្យចាប់អារម្មណ៍ ។ តើដូចម្តេច បានជាព្រះអាទិទេពនេះមានឈ្មោះដូច្នោះ ហើយន័យយ៉ាងណាដែរ ? ។ យើងអាចពន្យល់បញ្ជាក់ន័យ និងប្រភពនៃឈ្មោះនិលកន្ធ តាមរយៈទេវកថា ពាក់ព័ន្ធទៅនឹងការកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹត ដែលមានសេចក្តីសង្ខេបដូចតទៅ : ក្នុងការកូរសមុទ្រទឹកដោះ ពពួកទេវតានិងអសុរៈ បានយកពស់វាសុគីធ្វើជាខ្សែពួរ ហើយភ្នំមន្ធរជាស្នូលដើម្បីកូរ ។ ពពួកទេវតាកាន់ពាក់កណ្តាលមកខាងក្បាលពស់ រីឯពពួកអសុរៈកាន់ពាក់កណ្តាលខាងកន្ទុយពស់ ហើយដោយការកូរនេះមានរយៈពេលច្រើនពាន់ឆ្នាំ ។ ការកូរនេះមិនទាន់ដល់ទីបញ្ចប់នៅឡើយ ស្រាប់តែភ្នំមន្ធរផ្អៀងមួយចំហៀង ។ ឃើញដូច្នេះ ទើបពពួកទេវតានិងអសុរៈ បានយាងព្រះវិស្ណុមកជួយប្រែតម្រង់ភ្នំនេះ ឲ្យត្រង់ឡើងវិញ ដោយទ្រង់ក្រឡាខ្លួនជាសត្វអណ្តើក ឬកុម៌មួយយ៉ាងធំ ដើម្បីទ្រភ្នំកុំឲ្យផ្អៀងតទៅទៀត ។ ម្យ៉ាងវិញទៀត ដោយសារការកូរសមុទ្រទឹកដោះនេះ មានសន្ទុះខ្លាំងក្លាពេក ក្អែរពិសនៃពស់ ក៏ចេញមកខាងក្រៅអាចធ្វើឲ្យសកលលោក រលត់សង្ខាបាន ។ ឃើញហេតុការណ៍មិនស្រួលបែបនេះ ព្រះសិវៈក៏សម្រេចព្រះទ័យលេបក្នុងមាត់នូវពិសទាំងនោះ បើពុំដូច្នេះទេ រាល់ជីវិតសត្វលោកនឹងត្រូវបំផ្លាញជាពុំខាន ពីព្រោះពិសនេះ មានគ្រោះថ្នាក់ណាស់ ហើយគ្មាននរណាមួយអាចមកទប់ទល់បានឡើយក្រៅពីអន្តរាគមរបស់ទ្រង់ ក្នុងឋានៈជាព្រះអាទិទេពចម្បង ហើយដ៏មានមហិទ្ធិឫទ្ធិមួយអង្គ ។ ដោយភ័យក្លាចក្រែង ព្រះសិវៈដែលជាព្រះស្វាមី អាចនឹងទទួលគ្រោះថ្នាក់ដល់អាយុជីវិត ព្រះនាងឧមាដែលជាព្រះទេពី ព្រះនាងក៏ស្ទុះហក់ទៅចាប់បំពង់ករបស់ព្រះសិវៈភ្លាមមួយរំពេច កុំឲ្យពិសចូលក្នុងព្រះកាយទាន់ បើពុំដូច្នោះទេ ព្រះស្វាមីរបស់ព្រះនាងនឹងចូលទីវង្គត ។ ពិសនោះត្រូវគេតាំងឈ្មោះថា ហាឡា ហាឡា ។ ដូចទើបពោលខាងលើ ពិសពស់ត្រូវព្រះនាងឧមាទប់ទាន់ពេលវេលា ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏បំពង់ករបស់ព្រះសិវៈ និងព្រះភ័ក្ត្ររបស់ទ្រង់ បានក្លាយទៅជាពណ៌ខៀវក្រមៅគួរឲ្យតក់ស្លុត ។ ដោយសារហេតុនេះហើយ ទើបគេតាំងឈ្មោះទ្រង់ថា និលកន្ធ ពោលគឺ ទេវតាក្នុងរូបសណ្ឋានព្រះភ័ក្ត្រពណ៌ខ្មៅដូចថ្មនិល ដែលមានពណ៌ខ្មៅរលោងគួរឲ្យបេតី ៕ រូបភាព១-២ : គំនូរនៃការកូរសមុទ្រទឹកដោះដែលមានព្រះវិស្ណុជាតួអង្គ និងគំនូរព្រះវិស្ណុផាត់ពណ៌ (គូរឡើងមុនឆ្នាំ១៩៧០ ឯកសារបារាំង)
post by : Kong Sophat post Date : 05-Sep-2017
View : 3431

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?